ព៌ត័មាន
គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)
បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ
និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល
ឆ្នាំ២០២៥ នៅតំបន់ទី២ ស្ថិតក្នុងខេត្តកំពត ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២
និងទី៣ ខែឧសភា ឆ្នាំ២០២៥។ ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម ឆាយ ឆត្រាវុធ
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
និងក្នុងនាមក្រសួងមុខងារសាធារណៈ ឯកឧត្តមបានមានប្រសាសន៍ថា
"តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រអនុវត្តការវាយតម្លៃ
និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ប្រធាន
អនុប្រធាន សមាជិកនៃគណៈកម្មការវាយថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ
ព្រមទាំងគណៈគ្រប់គ្រង និងមន្ត្រីនៅតាមអង្គភាពគោលដៅនៃការវាយតម្លៃ
នឹងទទួលបាននូវចំណេះដឹងកាន់តែច្បាស់អំពីនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ
និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ សម្រាប់អង្គភាពសាលារៀន
និងមណ្ឌលសុខភាព ដែលត្រូវចូលរួមអនុវត្តក្នុងឆ្នាំ២០២៥។
សិក្ខាសាលារយៈពេល ២ថ្ងែនេះ មានបទបង្ហាញចំនួន១៣ និងវេទិកាសំណួរ-ចម្លើយ
ដោយវាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំមកពីក្រសួងមុខងារសាធារណៈ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន
ទីស្តីការគណៈរដ្ឋមន្ត្រី និងលេខាធិការដ្ឋាន គ.ជ.អ.ប.។
សិក្ខាសាលានេះមានសមាសភាពចូលរួមពី តំណាងគណៈអភិបាលខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈ
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាល
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានមន្ទីរបរិស្ថាន តំណាងគណៈអភិបាលក្រុង
ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា
ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងនាយក នាយិកានៃអនុវិទ្យាល័យ
និងសាលាបឋមសិក្សាចំនួន៣ ក្នុងមួយក្រុង ស្រុក ខណ្ឌ និងប្រធានមណ្ឌលសុខភាពចំនួន៣
ក្នុងមួយក្រុង ស្រុក ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ
ខេត្តកណ្តាល និងខេត្តស្វាយរៀង។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានស្នើដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី
ខេត្ត និងក្រុង ស្រុក ខណ្ឌ អាជ្ញាធរ ប្រធានមន្ទីរ ប្រធានការិយាល័យពាក់ព័ន្ធ
និងប្រធានអង្គភាពដែលត្រូវចូលរួមប្រកួតប្រជែងរួមមាន៖ ទី១)
សូមគណៈកម្មការវាយតម្លៃអង្គភាពទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ
និងជំរុញគ្រប់អង្គភាពសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព
ព្រមទាំងរៀបចំប្រកាសចាប់ផ្តើមទទួលពាក្យបេក្ខជន
និងត្រូវអនុវត្តការវាយតម្លៃប្រកបដោយតម្លាភាព គណនេយ្យភាព
ដោយផ្អែកលើសូចនាករនៃតារាងលក្ខណៈវិនិច្ឆ័យគោលទាំង៨។ ទី២) សូមអាជ្ញាធរមូលដ្ឋាន
ប្រធានមន្ទីរ ប្រធានការិយាល័យពាក់ព័ន្ធ ជួយសម្របសម្រួល គាំទ្រ ទៅដល់គ្រប់អង្គភាពសាលាបឋមសិក្សា
អនុវិទ្យាល័យ និងមណ្ឌលសុខភាព ដើម្បីបង្កលក្ខណៈឱ្យ អង្គភាពទាំងអស់នេះ
មានឱកាសចូលរួមប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូ។ និងទី៣)
សូមសាមីអង្គភាពសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាពនីមួយៗ ត្រៀម
លក្ខណៈរៀបចំអង្គភាពរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព
និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង៕