ព៌ត័មាន
គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «នីតិវិធីនិងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥» រយៈពេល ២ថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសាលសន្និសីទនៃសាលាខេត្តកំពង់ចាម។
សិក្ខាសាលានេះ បានរៀបចំឱ្យមានបទបង្ហាញចំនួន៦ និងវេទិកាសំណួរ-ចម្លើយ ដោយមានវាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំមកពីក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ទីស្តីការគណៈរដ្ឋមន្ត្រី និងលេខាធិការដ្ឋាន គ.ជ.អ.ប.។ សិក្ខាសាលានេះមានសមាសភាពចូលរួមពីតំណាងគណៈអភិបាលខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានមន្ទីរបរិស្ថាន តំណាងគណៈអភិបាលក្រុង ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងនាយក នាយិកានៃអនុវិទ្យាល័យ និងសាលាបឋមសិក្សា ចំនួន០៣សាលា ក្នុងមួយក្រុងស្រុក និងប្រធានមណ្ឌលសុខភាព ចំនួន០៣មណ្ឌលសុខភាព ក្នុងមួយក្រុង ស្រុក ទូទាំងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្នុងនាមក្រសួងមុខងារសាធារណៈ ឯកឧត្តម ឆាយ ឆត្រាវុធ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួម តាមដាន និងស្តាប់ការពន្យល់ បកស្រាយនូវរាល់ខ្លឹមសារនៃបទបង្ហាញនីមួយៗរបស់គ្រូឧទ្ទេស ក្នុងគោលបំណងចង់ចេះ ចង់ដឹង និងក្តាប់ឱ្យបាននូវរាល់ខ្លឹមសារទាំងឡាយដែលពាក់ព័ន្ធនឹងសូចនាករនៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ ឯកសារដែលត្រូវត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងរបៀបនៃការផ្តល់ពិន្ទុលើសូចនាករ ដើម្បីងាយស្រួលយកទៅរៀបចំ និងអនុវត្ត៕