អបអរសាទរការប្រារព្ធ ខួប១០ឆ្នាំ នៃស្ថាប័ន Expertise France នៅទីក្រុងប៉ារីស ប្រទេសបារាំង
ទីក្រុងបារីស ៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រារព្ធ “ខួប១០ឆ្នាំ នៃស្ថាប័នអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស Expertise France” និងបានផ្ដល់កិច្ចសម្ភាសន៍ស្ដីពី “ចក្ខុវិស័យរបស់កម្ពុជាសម្រាប់ការអប់រំឆ្ពោះទៅអនាគត” (une éducation orientée vers l'avenir) នៅស្ថានីយ៍ F ទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះ មានការចូលរួមពីសំណាក់តំណាងស្ថាប័ន និងអង្គការអន្តរជាតិដែលជាដៃគូរបស់ Expertise France និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរូប។
ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការអប់រំ ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍យុវជន និងជំនាញសតវត្សទី២១ ដោយគូសបញ្ជាក់ថា ការវិវត្តន៍នៃវិស័យអប់រំនាពេលបច្ចុប្បន្ន ចាំបាច់តម្រូវឱ្យមានការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ និងការលើកកម្ពស់ភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល ដែលបញ្ញាសិប្បនិមិ្មត (AI) កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ឆ្លើយតបទៅនឹងបរិបទពិភពលោកបច្ចុប្បន្ន និងអនាគត ក៏ដូចជាបញ្ហាប្រឈមជាច្រើន រួមទាំងបម្រែបម្រួលអាកាសធាតុផងដែរ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តធ្វើកំណែទម្រង់សាលារៀន ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីចូលរួមក្នុងបរិវត្តកម្មវិស័យអប់រំ ជាពិសេសការលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្ស និងគ្រូបង្រៀនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិ្មត (AI) ឱ្យបានល្អប្រសើរ សំដៅស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានា។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថាប័ន Expertise France ដែលបានរៀបចំកម្មវិធីនេះឡើង និងភាគីពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសលើវិស័យអប់រំ សំដៅចូលរួមជំរុញ និងរកដំណោះស្រាយក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងពិភពលោក និងនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
១២ កុម្ភៈ ២០២៥ | ទីក្រុងប៉ារីស