ព៌ត័មាន
កិច្ចប្រជុំសហប្រតិបត្តិការយោធាអាស៊ានលើកទី១២ ហៅកាត់ថា (AMOM-12) ដែលបានប្រារព្វធ្វើឡើងរៀងរាល់មួយឆ្នាំម្តង តាមរបៀបវិលជុំ ដែលក្នុងឆ្នាំ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ ដោយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ នៃខ.ភ.ម។
ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា ប្រធានដឹកនាំកិច្ចប្រជុំ បានបញ្ជាក់ថា៖ សម្រាប់កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ កងយោធពលខេមរភូមិន្ទ បានជ្រើសរើសប្រធានបទ «សាមគ្គីភាព ដើម្បីសន្តិសុខសុខដុមរមនា» ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការរបស់កម្លាំងការពារជាតិ ក្រោមវេទិកាអាស៊ាន ដើម្បីប្រមូលផ្តុំគ្នា ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវិដ១៩ នៅក្នុងប្រទេស និងរដ្ឋនានា តាមរយៈការអនុវត្តន៍វិធានការសុខាភិបាល និងការចែករំលែកវ៉ាក់សាំង ដោយផ្អែកលើមូលដ្ឋានស្មើគ្នា។ ទន្ទឹមនឹងនេះ ក្នុងស្មារតី នៃសាមគ្គីភាពក្នុងជួរកងកម្លាំងប្រដាប់អាវុធ នៃបណ្តាប្រទេសអាស៊ាន យើងទាំងអស់គ្នាមានកាតព្វកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហា ការរីករាលដាលនៃមេរោគកូវិដ១៩ នៅតាមព្រំដែនរួមគ្នា។
ឯកឧត្តមបានបន្តទៀតថា៖ ការសាមគ្គីភាព ពិតជាកម្លាំងចលករ ដែលមិនអាចឈប់ឈរ ក្នុងការនាំមកនូវសន្តិភាព សន្តិសុខ និងស្ថិរភាព ដល់តំបន់របស់យើង។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា៖ ក្រោមស្មារតីនៃសាមគ្គីភាពអាស៊ាន នឹងបន្តរីកចំរើន ទៅជាតំបន់រឹងមាំ វិបុលភាព និងសុខដុមរមនា។ ជាងនេះទៅទៀត ក្នុងនាមជាប្រធាន នៃកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ សង្ឃឹមថាឯកឧត្តមអស់លោក និងមានមតិលើកឡើងនូវប្រធានបទល្អៗ ថែមទៀតទាក់ទងនឹងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនីមួយៗ។
បន្ទាប់ពីសមាជិកអង្គប្រជុំតាមបណ្តាប្រទេសនីមួយៗ ក្នុងសមាគមអាស៊ានមានមតិលើកឡើងអំពីទស្សនៈទាក់ទងនឹងប្រធានបទ «សាមគ្តីភាព ដើម្បីសន្តិសុខសុខដុមរមនា» រួចមក ឯកឧត្តម ប៉ែន សុក្រិត្យវិទ្យា បានធ្វើការបូកសរុបវាយតម្លៃ និងប្រកាសផ្ទេរប្រគល់វេន ឲ្យប្រទេសឥណ្ឌូនេស៊ីជាប្រធាន និងម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំ (AMOM) លើកទី១៣ ក្នុងឆ្នាំ២០២៣ ៕