ព៌ត័មាន

ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៥

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រអាចបញ្ចេញអស់សមត្ថភាព បង្ហាញសក្ដានុពលរៀងខ្លួន។ ការប្រឡងសិស្សពូកែឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីទី២៦ ដល់ ទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយចាប់ផ្តើមពីដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងកម្មវិធីបើក-បិទផ្សាយ។

 

គណៈកម្មការ មេប្រយោគ លោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងជ្រើសរើសសិស្សពូកែមកពី ២៥ រាជធានី-ខេត្ត ចូលរួមប្រឡងនៅ មណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ បេក្ខជនដែលបានចូលរួមប្រឡងជ្រើសរើសសិស្សពូកែជាសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបចំនួន ២៤០នាក់ ស្រី ១២៦នាក់ មកពី ១៦២ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជនទូទាំងប្រទេស។

 

សិស្សពូកែ ដែលបានជ្រើសរើសដោយ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវចូលរួមប្រឡងវិញ្ញាសាផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា តាមកម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីដណ្តើមជ័យលាភី សិស្សពូកែទូទាំងប្រទេស។ ពិធីបិទ និងការប្រកាសលទ្ធផលប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕