ព៌ត័មាន

ក្របខណ្ឌអប់រំស្ទែមកម្រិតសាលារៀន

ក្របខណ្ឌ​អប់រំ​ស្ទែម​កម្រិត​សាលារៀន

"ក្របខណ្ឌ​អប់រំ​ស្ទែម​កម្រិត​សាលារៀន" ​ជា​ឯកសារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​ផ្សាយ​នៅ​ខែ​មិថុនា ឆ្នាំ​២០២៥ ក្រោម​គម្រោង STEP UP។ ក្របខណ្ឌ​នេះ​មាន​គោលបំណង​ចម្បង​ដើម្បី​គាំទ្រ​ដល់​សាលារៀន​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ការ​អនុវត្ត​ការអប់រំ​ស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា) ឲ្យ​មាន​ប្រសិទ្ធភាព។ ក្របខណ្ឌ​នេះ​ជួយ​សិស្ស​អភិវឌ្ឍ​បំណិន​សតវត្ស​ទី២១, ផ្សារភ្ជាប់​ការសិក្សា​ទៅ​នឹង​ជីវភាព​រស់នៅ, និង​ជួយ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​អាជីព។

រចនាសម្ព័ន្ធ​នៃ​ក្របខណ្ឌ​នេះ​ត្រូវ​បាន​រៀបចំឡើង​ជា ៥ សមាសភាគ, ៥ កម្រិត​អភិវឌ្ឍន៍, និង​ដំណើរការ​អនុវត្ត ៥ ជំហាន៖

  • សមាសភាគ​ទាំង​៥ រួមមាន៖ លទ្ធផល​ការសិក្សា​របស់​សិស្ស, ការបង្រៀន និង​រៀន, អភិបាលកិច្ច​សាលារៀន, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ, និង​ការចូលរួម​របស់​សហគមន៍។
  • កម្រិត​អភិវឌ្ឍន៍​ទាំង​៥ សម្រាប់​វាយតម្លៃ​សាលារៀន​មាន​ពី​កម្រិត​ទី១ (ត្រៀម​រៀបចំ) ដល់​កម្រិត​ទី៥ (ធ្វើ​ជា​គំរូ) ដោយ​ផ្អែកលើ​ការអនុវត្ត​របស់​សិស្ស គ្រូ គណៈ​គ្រប់គ្រង និង​សហគមន៍។
  • ដំណើរការ​អនុវត្ត​ ៥​ ជំហាន ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដោយ​ប្រើ "កញ្ចប់​ឧបករណ៍​ស្ទែម"៖

១. ការបង្កើត​ក្រុម​អនុវត្ត​សកម្មភាព​ស្ទែម

២. ការធ្វើ​ស្វ័យ​វាយតម្លៃ

៣. ការពិនិត្យ​ឡើងវិញ និង​កំណត់​គោលដៅ

៤. ការអនុវត្ត​ផែនការ​សកម្មភាព

៥. ការត្រួតពិនិត្យ​វឌ្ឍនភាព

ឯកសារ​នេះ​ក៏​មាន​ឧបសម្ព័ន្ធ​បន្ថែម​ដែល​មាន​ដូចជា កញ្ចប់​ឧបករណ៍​ស្ទែម, សទ្ទានុក្រម, បញ្ជី​ឈ្មោះ​សាលារៀន​គោលដៅ​ចំនួន​៣០, និង​ក្របខណ្ឌ​អភិវឌ្ឍ​ការអប់រំ​ស្ទែម៕