ព៌ត័មាន

មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា

ពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា” ត្រូវបានប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ របាយការណ៍បានបង្ហាញពីការរីកចម្រើនរបស់កាយរឹទ្ធិជាតិកម្ពុជា ដែលមានសមាជិកកើនឡើងជាង ១៨ម៉ឺននាក់ទូទាំងប្រទេស។ អង្គការនេះបានដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍកុមារ និងយុវជនលើចំណេះដឹង ជំនាញ និងសីលធម៌ ព្រមទាំងគាំទ្រគោលនយោបាយអប់រំ និងយុវជនជាតិ។

រាជរដ្ឋាភិបាលមានគោលដៅជំរុញចលនាកាយរឹទ្ធិឱ្យក្លាយជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការអប់រំ និងបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជាពលរដ្ឋល្អ។ ដើម្បីសម្រេចគោលដៅនេះ សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖

១. អភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទ្ធិនៅគ្រប់គ្រឹះស្ថានសិក្សា

២. កាយរឹទ្ធិជាតិកម្ពុជា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងអង្គការកាយរឹទ្ធិអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃផែនការយុទ្ធសាស្ត្រ

៣. ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិថ្នាក់ជាតិ ត្រូវបន្តរៀបចំ និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងបង្កើត “គោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិរៀមច្បង”

៤. គ្រឹះស្ថានឧត្តមសិក្សា ត្រូវសហការជាមួយក្រសួងអប់រំ និងកាយរឹទ្ធិជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយការងារកាយរឹទ្ធិដល់និស្សិត

៥. កាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពជំនាញដល់មេដឹកនាំកាយរឹទ្ធិ

៦. កាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តបំផុស និងផ្សព្វផ្សាយចលនាកាយរឹទ្ធិ ដើម្បីកៀរគរមូលនិធិគាំទ្រសកម្មភាព៕








ប្រភព៖ 
https://www.facebook.com/share/p/1b5ZcMT2VJ/